ទាល់តែស្លាប់ទៅហើយទើបគេរំលឹកពីរឿងល្អៗដែលខ្លួនធ្លាប់ធ្វើ។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកប្រាប់ថាអាណិត ស្រលាញ់។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកយំស្ដាយស្រណោះ។ ទាល់តែស្លាប់ទៅហើយទើបមានកម្រងផ្កា និងបាច់ផ្កាពោរពាស។ ទាល់តែស្លាប់ទៅហើយទើបមានពាក្យសុំខមាទោស។ ទាល់តែស្លាប់ទៅហើយទើបគេប្រមូលស្នាដៃដែលធ្លាប់មានមកចងក្រងទុក រំលឹកពាក្យសម្ដីដែលធ្លាប់និយាយកន្លង។ ទាល់តែស្លាប់បាត់ទើបគេនាំគ្នានឹកឈ្មោះ។
ការពិតបាច់ផ្កាគួរតែទទួលបាននៅក្នុងថ្ងៃខួបកំណើត ឬថ្ងៃដែលយើងសប្បាយចិត្តបំផុត។ ពាក្យសុំទោសគួរតែទទួលបានពេលដែលយើងនៅអាចនិយាយពាក្យលើកលែងទោសឲ្យគេ។ ពាក្យថាស្រលាញ់គួរតែធ្វើឲ្យយើងរំភើបចិត្ត រហូតអាចហូរទឹកភ្នែកចេញមកបាន។ ពាក្យអរគុណគួរតែទទួលបាននៅពេលអ្នកដែលយើងធ្វើទង្វើល្អដាក់នោះគេនៅចាំអំពើល្អរបស់យើង។ ស្នាដៃល្អៗគួរតែត្រូវបានគេផ្ដល់តម្លៃឲ្យតាំងពីពេលដែលយើងនៅមើលឃើញនៅឡើយ។ ពាក្យអាណិតគួរតែទទួលបានពេលដែលយើងកំពុងលំបាកខ្លាំង។
បើស្រលាញ់ខ្ញុំតែមិនអាចនិយាយ អ្នកក៏អាចធ្វើទង្វើដែលស្ដែងពីក្ដីស្រលាញ់ចំពោះខ្ញុំបាន គឺធ្វើនៅពេលដែលខ្ញុំមានជីវិតរស់នៅ។ គ្រប់យ៉ាងគ្មានន័យទេ បើខ្ញុំស្លាប់ទៅហើយមិនបាច់ធ្វើទេ។ ខ្មោចរបស់ខ្ញុំឥតស្ដាប់ឮទេ ឥតចេះរំភើបទេ ឥតឈឺចាប់ទេ។ បាច់ផ្កាដ៏ស្រស់ស្អាតនោះវាគ្មានន័យអ្វីទេ។ កុំចំណាយលុយលើរឿតឥតបានការទាំងនោះអី ទុកវាដើម្បីចែកជូនដល់ក្មេងៗអនាថាដែលគ្មានអ្វីហូបតាមផ្លូវទៅ ក្រែងបុណ្យកុសលនោះបានអណ្ដែតទៅដល់ខ្ញុំខ្លះ...៕
-----------------------------------------------
អត្ថបទ៖ #កូនចាបមាស
រូបភាព៖ #Pinterest


No comments:
Post a Comment